Revelation of John 17

1បន្ទាប់មកទេវតា​មួយ​រូបក្នុងចំណោមទេវតា​ទាំង​ប្រាំពីរដែលកាន់ពាន​ទាំង​ប្រាំពីរ​ក៏​និយាយមកកាន់ខ្ញុំថា៖ ​«ចូរ​មក​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នកឃើញការជំនុំជម្រះស្រ្ដីពេស្យាដ៏ល្បីអសោច​ដែល​អង្គុយលើទឹកជាច្រើន 2ពួកស្ដេចនៅផែនដី​បាន​ប្រព្រឹត្ដ​អំពើ​អសីលធម៌ខាងផ្លូវភេទជាមួយ​នាង​ហើយ​ពួក​អ្នក​ដែលរស់នៅ​លើ​ផែនដី​បាន​ស្រវឹងដោយសារស្រានៃអំពើអសីលធម៌ខាងផ្លូវភេទ​របស់​នាង»។ 3ទេវតាក៏​នាំខ្ញុំចូលទៅក្នុងទីរហោឋាន​ពេល​ដែល​ខ្ញុំ​លង់​ក្នុង​វិញ្ញាណហើយខ្ញុំឃើញស្រ្ដីម្នាក់អង្គុយនៅលើសត្វសាហាវមួយសម្បុរក្រហមទុំ​វា​មានឈ្មោះ​ជា​ពាក្យ​ប្រមាថព្រះជាម្ចាស់​នៅ​ពាសពេញ​ខ្លួន​ហើយ​មានក្បាលប្រាំពីរនិងស្នែងដប់ 4ស្រ្ដីស្លៀកពាក់ពណ៌ស្វាយនិង​ពណ៌​ក្រហមទុំហើយតុបតែង​ដោយ​មាសត្បូង​ដ៏​មាន​តម្លៃនិងគជ់​ទាំង​កាន់ពែងមាស​មួយ​នៅក្នុងដៃ​ដែល​ពេញ​ដោយ​អំពើគួរស្អប់ខ្ពើមនិងសេចក្ដីស្មោកគ្រោកនៃអំពើអសីលធម៌ខាងផ្លូវភេទ​របស់​នាង 5ហើយនៅលើថ្ងាស​របស់​នាងមាន​សរសេរ​ឈ្មោះ​ជា​សេចក្ដីអាថ៌កំបាំងថា​«ក្រុងបាប៊ីឡូន​ជា​ក្រុង​ដ៏ធំ​ជា​ម្ដាយរបស់​ពួក​ស្រ្ដីពេស្យានិងអំពើគួរស្អប់ខ្ពើម​នៅ​ផែនដី»។ 6ខ្ញុំឃើញស្រ្ដីនោះស្រវឹងឈាមរបស់ពួកបរិសុទ្ធនិងឈាមរបស់​ពួក​សាក្សី​របស់​ព្រះ​យេស៊ូ។ ​ពេល​ខ្ញុំឃើញនាង​ខ្ញុំ​ងឿងឆ្ងល់ជាខ្លាំង 7ទេវតានោះនិយាយ​មក​ខ្ញុំថា៖ ​«ហេតុអ្វី​បានជា​អ្នក​ងឿងឆ្ងល់ដូច្នេះ? ​ខ្ញុំ​នឹង​ប្រាប់អ្នក​អំពី​អាថ៌កំបាំង​របស់​ស្រ្ដីនោះនិងសត្វសាហាវមានក្បាលប្រាំពីរនិងស្នែងដប់​ដែល​នាងជិះ​នោះ។ 8សត្វសាហាវដែលអ្នក​បាន​ឃើញនោះ​កាលពីដើម​វា​មាន​ប៉ុន្ដែ​ឥឡូវនេះ​គ្មានទេហើយវាបម្រុងនឹងឡើង​ចេញ​ពីទីជម្រៅមករួចទៅរកសេចក្ដីវិនាស។ ​អស់​អ្នកដែលរស់នៅលើផែនដីដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតតាំងពីដើមកំណើតពិភពលោក​មក​នឹង​ងឿងឆ្ងល់​ពេល​ពួកគេ​ឃើញសត្វសាហាវ​ដែល​កាលពីដើម​មាន​ប៉ុន្ដែ​ឥឡូវនេះ​គ្មានហើយ​នឹង​ត្រូវ​មក​នោះ។ 9នេះហើយ​ជា​គំនិតដែលមានប្រាជ្ញា​គឺ​ក្បាល​ទាំង​ប្រាំពីរ​ជា​ភ្នំប្រាំពីរដែលស្រ្ដីនោះអង្គុយលើ​និង​ជា​ស្ដេចប្រាំពីរ​អង្គ​ដែរ 10ស្ដេចប្រាំអង្គ​ត្រូវ​បាន​ផ្ដួលរំលំ​ហើយ​មួយអង្គនៅសព្វថ្ងៃនេះ​ហើយ​មួយ​អង្គ​ទៀតមិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេប៉ុន្ដែពេល​ស្ដេច​នោះ​មកដល់​ស្ដេច​នោះ​ត្រូវនៅមួយ​ភ្លែត​ប៉ុណ្ណោះ 11រីឯសត្វសាហាវដែល​កាលពីដើម​មានប៉ុន្ដែ​ឥឡូវនេះ​គ្មាន​នោះ​វាជា​ស្ដេច​ទីប្រាំបីហើយ​វា​ក៏​នៅក្នុងចំណោម​ស្ដេច​ទាំង​ប្រាំពីរអង្គនោះ​ដែរ​រួច​វា​ក៏​វិនាស​បាត់​ទៅ 12ស្នែងដប់ដែល​អ្នក​ឃើញ​នោះ​ជាស្ដេចដប់អង្គដែលមិន​ទាន់​ទទួលបានរាជ្យ​នៅ​ឡើយប៉ុន្ដែ​ពួកគេ​នឹង​ទទួលបានសិទ្ធិអំណាចជាស្ដេច​រយៈពេល​មួយម៉ោងជាមួយសត្វសាហាវនោះ 13ស្ដេចទាំងនោះមានគំនិត​តែ​មួយហើយ​ពួកគេ​ប្រគល់អំណាចនិងសិទ្ធិអំណាច​របស់​ខ្លួនដល់សត្វសាហាវនោះ 14ស្ដេចទាំងនោះ​នឹង​ច្បាំងជាមួយកូនចៀមប៉ុន្ដែ​កូនចៀម​នឹង​ឈ្នះពួកគេពីព្រោះ​កូនចៀម​ជាព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់និង​ជា​ស្ដេច​លើ​អស់​ទាំង​ស្ដេចហើយ​អស់​អ្នកដែលនៅជាមួយព្រះអង្គ​គឺ​ជា​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់ហៅ​បាន​ជ្រើសរើសនិង​ជា​អ្នកស្មោះត្រង់»។ 15ទេវតានោះ​ក៏​និយាយ​មក​កាន់​ខ្ញុំ​ទៀត​ថា៖ ​«ទឹកដែលអ្នក​បាន​ឃើញ​ហើយ​ជា​កន្លែងដែលស្រ្ដីពេស្យា​បាន​អង្គុយ​នោះ​គឺ​ជា​ប្រជាជនបណ្ដាជនជនជាតិនិងភាសាទាំងឡាយ 16រីឯស្នែង​ទាំង​ដប់ដែលអ្នក​បាន​ឃើញនិងសត្វសាហាវនោះ​ពួកគេ​នឹង​ស្អប់ស្រ្ដីពេស្យានោះហើយ​នឹង​ធ្វើឲ្យនាងហិនហោចនិងនៅអាក្រាត​ពួកគេ​នឹង​ស៊ីសាច់នាងហើយដុតនាងដោយភ្លើង​ទៀត​ផង 17ដ្បិតព្រះជាម្ចាស់​បាន​ដាក់​សេចក្ដី​នេះ​នៅក្នុងចិត្ដពួកគេ​ដើម្បី​សម្រេចបំណងរបស់ព្រះអង្គ​ដោយ​ឲ្យ​ពួកគេ​មាន​គំនិត​តែ​មួយហើយប្រគល់រាជ្យ​របស់​ពួកគេ​ដល់​សត្វសាហាវ​នោះ​រហូតដល់​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់​បាន​សម្រេច 18រីឯស្រ្ដីដែលអ្នក​បាន​ឃើញ​នោះ​គឺ​ជាទីក្រុងដ៏ធំ​ដែល​មាន​អំណាច​គ្រប់គ្រង​ស្ដេចទាំងឡាយនៅលើផែនដី»។
Copyright information for KhmKCB